តាគ្រុឌនិទានរឿងរាមកេរ្តិ៍

លោកតា ឈុន គ្រុឌ គឺជាអ្នកនិទានដ៏មានទេពកោសល្យ និងមានប្រជាប្រិយភាពបំផុតក្នុងការនិយាយដំណាលនិទាន ដំណើរសាច់រឿងរាមកេរ្តិ៍ខ្មែរនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០នៅក្នុងកម្មវិធីវិទ្យុជាតិកម្ពុជា។

គម្រោងនៃការដាក់សំឡេង និទានរឿងរាមកេរ្តិ៍ របស់តាគ្រុឌនេះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ឋាណាតាំងពីឆ្នាំ២០០០មកម្ល៉េះ ដោយមានការគាំទ្រពីអង្គការយូណេស្កូប្រចាំនៅប្រទេសកម្ពុជា ហើយគម្រោងនេះត្រូវបានបញ្ចប់នៅក្នុងឆ្នាំ២០១២។
ការរៀបចំដាក់សំឡេងរបស់លោកតាគ្រុឌ ដែលបាននិទានរឿងរាមកេរ្តិ៍ខ្មែរ នៅក្នុងទសវត្សរ៍ឆ្នាំ៦0 នេះត្រូវបានដាក់បញ្ចូលទៅក្នុងស៊ីឌី។នេះគឺជាការខិតខំមួយរបស់មជ្ឈមណលបុប្ឋាណានិងអង្គការយូណេស្កូដើម្បីថែរក្សានូវកេរដំណែលវប្បធម៌ខ្មែរកុំឱ្យបន្តការបាត់បង់បន្តទៅទៀត ជាពិសេសកេរដំណែលវប្បធម៌សោតទស្សន៍នេះតែម្តង។
“រឿងរាមកេរ្តិ៍តាគ្រុឌ” នេះត្រូវបានថតឡើងដោយ លោក អាឡាំង ដានីញ៉ែល ជនជាតិបារាំង នៅពេលដែលលោកបានមកបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៦0។
គាប់ជួនពេលនោះលោកបានជួបជាមួយនឹងលោកតា គ្រុឌ ដែលកំពុងតែនិទានរឿងរាមកេរ្តិ៍នេះទើបលោកបានថតសំឡេងរបស់លោក តាគ្រុឌទុក។
នៅឆ្នាំ២០០០លោកក៏បានប្រគល់នូវខ្សែអាតសំឡេងរបស់លោកតា គ្រុឌ មកឱ្យមជ្ឈមណ្ឌលបុប្ឋាណាដើម្បី ធ្វើការអភិរក្សនិងផ្សព្វផ្សាយដល់សាធារណជនជាបន្តទៅទៀត។
គោលបំណងចង់រក្សានូវសម្បត្តិវប្បធម៌ដ៏មានតម្លៃនេះ ចង់ផ្តល់ឱ្យប្រជាជនខ្មែរនូវការចងចាំអំពីអតីតកាលរបស់ខ្លួន និងអំពីសិល្បៈនៃការនិទានរឿងរបស់ប្រទេសនេះ ដែលបានបន្សល់ទុកតាំងពីបុព្វបុរសខ្មែររហូតមកដល់ពេលបច្ចុប្បន្ននេះហើយដែលសព្វថ្ងៃសិល្បៈនៃការនិទានរឿងនកំពុងតែបាត់បង់បន្តិចម្តងៗចេញពីប្រជាជនខ្មែរ។

Leave a comment

Your email address will not be published. Required fields are marked *